នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពបើកកិច្ចសន្ទនាកម្រិតប្រទេសស្តីពី កិច្ចប្រជុំកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិស្តីពីជំងឺរបេង ឆ្នាំ២០២៣ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។ កិច្ចសន្ទនាប្រព្រឹត្តទៅរយៈពេលមួយព្រឹក ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ទេព យុទ្ធី សមាជិក គណៈកម្មការទី៨ព្រឹទ្ធសភា តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងសង្គមកិច្ច ក្រសួងធម្មការ និងសាសនា ក្រសួងសុខាភិបាល គណៈកម្មាធិការសិទ្ធមនុស្ស មជ្ឍមណ្ឌលជាតិតំបន់រោគរបេង និងបងសិន មជ្ឍមណ្ឌលជាតិប្រយុទ្ធនិងជំងឺអេដស៍ សើស្បែក និងកាមរោគ(NCHAD) និងអង្គការមួយចំនួនសរុប៤១នាក់។ កិច្ចសន្ទនាមានគោលបំណងចំនួនបីសំខាន់ៗគឺ៖ ១.ចែករំលែកនូវបច្ចុប្បន្នភាពព័ត៌មានសំខាន់ៗ ជាមួយស្ថាប័នរដ្ឋាភិបាល ទីភ្នាក់ងារអង្គការសហប្រជាជាតិ សង្គមស៊ីវិល និងបណ្តាញអ្នករងផលប៉ះពាល់ដោយសារជំងឺរបេង (TBpeople Cambodia) ដើម្បីចូលរួមជាយុទ្ធសាស្ត្រក្នុងកិច្ច ប្រជុំកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិស្តីពីជំងឺរបេង ឆ្នាំ២០២៣។ ២.បង្កើតនូវការប្ដេជ្ញាចិត្តកម្រិតប្រទេសមួយ ក្នុងការរួមបញ្ចូលយន្តការសហគមន៍ សិទ្ធិ និងយេនឌ័រ (CRC) ទៅក្នុងអន្តរាគមន៍ជាតិ ព្រមទាំងបញ្ជាក់ឡើងវិញនូវតម្រូវការសម្រាប់ការអំពាវនាវឱ្យបង្កើនការផ្ដល់ថវិកា និងការទទួលបាន ឱសថ ការធ្វើរោគវិនិច្ឆ័យ និងវ៉ាក់សាំងជំងឺរបេង។ ៣.ផ្សព្វផ្សាយអំពីសេចក្តីអំពាវនាវរបស់សហគមន៍ និងសង្គមស៊ីវិល និងឧបករណ៍ស្វែងរកការគាំទ្រចំពោះរបាយការណ៍ស្តី ពីការប្តេជ្ញាចិត្តបញ្ចប់របេង Vs វឌ្ឍនៈភាពនៃការឆ្លើយតបជំងឺរបេង៕
ប្រភព៖នាយកដ្ឋានព័ត៌មាន